កំពង់ធំ: នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ព្រំប្រទល់តំបន់ពីរ នឹងតំបន់បី នៅតំបន់ខ្ទុមមួយដើម និងតំបន់ស្នងម៉ែន ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ជាប់មាត់បឹងទន្លេសាប ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ព្រមទាំងសំណេះសំណេះ សំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀង អាហារគ្រឿង ឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាល តំបន់តាឡក ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

នៅក្នុងឱកាសចុះល្បាត ត្រួតពិនិត្យភូមិសាស្ត្រនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ដែលកំពុងធ្វើស្រែអាស្រ័យផល នៅក្នុងតំបន់ពីរ នឹងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានកាប់ទន្ទ្រានដីព្រៃលិចទឹកជាថ្មី ដែលជាតំបន់ហាមឃាត់ ជាដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ខេត្តកំពង់ធំ បានជួបប្រជុំនិង ណែនាំដល់កងកម្លាំង ដែលមានភារកិច្ច ប្រចាំការ ការពារ ទប់ស្កាត់និងប ង្ក្រាបបទល្មើសធនធាន ធម្មជាតិនៅតំបន់ វាលក្រោម ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារ ទប់ស្កាត់មិនឱ្យ មានការកាប់ទន្ទ្រាន ព្រៃលិចទឹក យកដីធ្វើស្រែ ជាថ្មីទៀតបានជាដាច់ខាត។ កងកម្លំាងប្រដាប់អាវុធទាំងបី រួមជាមួយសា្ថប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ត្រូវធ្វើការណែនាំនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ ដឹង និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ពិសេសនៅពេលរដូវប្រាំងខាងមុខនេះ ។ ក្នុងករណីជួបជន កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង លួចកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែជាថ្មី នៅក្នុងតំបន់ហាមឃាត់ ត្រូវចាប់ឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនទៅសមត្ថកិច្ចជំនាញ ដេីម្បីមានវិធានការ អនុវត្តតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលេីកលែងឡេីយ ។

នៅក្នុងឱកាសសួរសុខទុក្ខ និងត្រួតពិនិត្យតំបន់ពីរ តំបន់បី និងតំបន់ហាមឃាត់នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងការពារទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅទីបញ្ជាការស្រាល តំបន់តាឡក ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដោយបានឧបត្ថម្ភអង្ករចំនួន១០០គីឡូក្រាម មីចំនួន៦កេស ត្រីខកំប៉ុងចំនួន ៦យួរ និងប្រេងសាំងចំនួន១០០លីត្រ បន្ថែមទៀត សម្រាប់ធ្វើសកម្មភាពល្បាតប្រចាំថ្ងៃ ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយគ្មានការដកថយឡើយ ៕ ដោយសំនៀង
