ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិស៊ីរី ៖ ស្លាប់ជនស៊ីវិល៧នាក់ និងរបួស២០នាក់ ក្នុងពេលមានការវាយប្រហារ តាមផ្លូវអាកាស ដោយអ៊ីស្រាអ៊ែល មកលើតំបន់ ជិតក្រុងដាម៉ាស់

xinhua

ដាម៉ាស់ ៖ ក្រសួងការពារជាតិ របស់ប្រទេសស៊ីរី បានរាយការណ៍ឲ្យដឹងថា កាលពីល្ងាចថ្ងៃអាទិត្យ     ជនស៊ីវិលចំនួន៧នាក់ ក្នុងនោះរួមទាំងស្ត្រី និងកុមារបានបាត់បង់ជីវិត និងចំនួន២០នាក់ ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅជិតរដ្ឋធានី ដាម៉ាស់ របស់ប្រទេសស៊ីរី ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា នៅវេលាម៉ោងប្រហែល៥ល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង០០នាទីម៉ោងសកល “សត្រូវ” គឺអ៊ីស្រាអ៊ែល បានបើកការវាយប្រហារផ្លូវតាមអាកាសពីតំបន់ Golan Heights ដែលកាន់កាប់ដោយផ្តោតលើអគារលំនៅដ្ឋានមួយនៅក្នុងតំបន់ Sayyidah Zaynab នៅជនបទនៃទីក្រុងដាម៉ាស់ ។

ក្រសួងបានឲ្យដឹងទៀតថា ការវាយប្រហារនេះក៏បានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិឯកជនផងដែរ ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានរាយការណ៍ឲ្យដឹងកាលពីមុនថា ការវាយប្រហារបានវាយប្រហារ ទៅលើផ្ទះល្វែងមួយកន្លែង នៅក្នុងអគារលំនៅដ្ឋានមួយ ដែលមានពលរដ្ឋលីបង់ និងសមាជិកក្រុមហេសបូឡាហ៍ នៅក្នុងតំបន់នោះ ។

តំបន់ Sayyidah Zaynab ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីស៊ីរី គឺជាកន្លែងសម្រាប់ទីសក្ការបូជានិកាយស៊ីអ៊ីដដ៏ធំមួយ និងជាគោលដៅ នៃការវាយប្រហារ របស់អ៊ីស្រាអ៊ែលនាពេលកន្លងមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top