ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួន សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារ តាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួល និងថែមខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
១. ឯកភាពលើឯកសារជំនួយស្មារតី សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
២.ឯកភាពលើឯកសារសម្រាប់ផ្សព្វផ្សាយ ស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
-ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
-បណ្ណប្រកាសស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)
-ខិត្តបណ្ណ ស្តីពីការគូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត
-ខិត្តបណ្ណ (Poster) គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ និង
-ស្ទីកគ័រ (Sticker) ស្ដីពីការបោះឆ្នោតលើកទី១។
៣.ឯកភាពលើខ្លឹមសារសម្រាប់អប់រំ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
-ខិត្តបណ្ណសំណួរ-ចម្លើយ ចំនួន ១សន្លឹក
-បដាស្តីពីការបោះឆ្នោតលើកទី១ ចំនួន ១សន្លឹក
-ខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យបោះឆ្នោត ចំនួន ១សន្លឹក
-ខិត្តបណ្ណ (Poster) គំរូសន្លឹកឆ្នោតមិនបានការ ចំនួន ២សន្លឹក
-កូនសៀវភៅផ្នត់ ចំនួន ២សន្លឹក
-ស្ទីកគ័រ (Sticker) ស្តីពីការអញ្ជើញសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងក្នុងក្របខណ្ឌ នៃសង្កាត់ទាំងប្រាំ (ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ) នៃក្រុងកំពង់សោម ទៅចូលរួមបោះឆ្នោតលើកទី១។
៤.ឯកភាពលើសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សរុបចំនួន ៩.៩៩២.៤២១ នាក់ ស្មើនឹង ៨៩,០៧% ធៀបនឹងចំនួនប៉ាន់ស្មាន ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១១.២១៨.០៦៩ នាក់ ក្នុងនោះស្រីសរុបចំនួន ៥.៣០៤.៨៥៥ នាក់ និងចំនួនការិយាល័យបោះឆ្នោត មាន ២៤.១៩០ ការិយាល័យ។
បន្ទាប់ពីបានសម្រេច លើឯកសារទាំងអស់ខាងលើរួចហើយ អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១: ៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕