ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ៖ ប្រទេសកម្ពុជា ពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រទេសកម្ពុជា ពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងនេះធ្វ់ឡើង ក្នុងឱកាសលោករដ្ឋមន្រ្តីអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្ម ត្រកូលលីនពិភពលោក» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សូមជម្រាបជូនថា មហាសន្និបាត ដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការ ជួបជុំគ្នារវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីន នៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នា ពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញ នូវអនុសាសន៍នានា ដើម្បីជំរុញកំណើន វិនិយោគិន និងភ្ញៀវទេសចរមកកាន់ ប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ «មហាសន្និបាតពាណិជ្ជកម្ម ត្រកូលលីនពិភពលោក» ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី ឱកាស នៃការវិនិយោគដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយ ផ្សព្វផ្សាយអំពី សភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់បងប្អូនសហគមន៍ចិន នៅប្រទេសនានា នៅលើពិភពលោក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ ឱ្យចូលរួមទាំងអស់គ្នាមជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!៕

To Top