ភ្នំពេញ៖ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការ ដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជាលោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាល សាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការរដ្ឋបាល, លោក សេង បញ្ញា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការផែនការ និងវិនិយោគ, លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខ តំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស, លោក ឡាយ អ៊េវិន ឱ្យកាន់មុខ តំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិងការតែងតាំងជា អនុប្រធានការិយាល័យ និងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។
ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងlលោក កើត ឆែ អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរ ចំពោះ អាជ្ញាធរនិងកងកម្លាំងមានសត្ថកិច្ច ក្នុងការបំពេញការងារ លើការអភិវឌ្ឍនិងធ្វើអោយភូមិសង្កាត់ មានសុវត្ថិភាពហើយ ក៏បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបន្ថែមទៀត ពិសេសការថែរក្សាឱ្យបាន នូវសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋដែលមកលេងកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនេះ ក៏បានមានប្រសាសន៍ថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ពិតជាបានលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តការខិតខំបំពេញការងារ ឱ្យកាន់តែល្អបន្ថែមទៀត។ ចំពោះការស្នើរបស់ក្រុមប្រឹក្សារាជធានី ឱ្យបន្តថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋមកលេងកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយ ជាមួយការប្រើប្រាស់ កងកម្លាំងមានសមត្ថកិច្ចជាង១ម៉ឺននាក់ ដើម្បីទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។
ក្នុងនោះដែរ លោក ម៉ប់ សារិន ក៏បានលើកឡើងថា ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយ ជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMFថែមទៀត៕