ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន គឺជាការរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”។
ថ្លែងក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មី នៃសហគមន៍ជោគវាសនារួម” នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ បានបញ្ជាក់ថា «ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងចិន ពិសេសកិច្ចសហការដ៏ល្អរវាង សមាគមមិត្តភាពកម្ពុជា ចិន និងសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាព កម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”»។
លោករដ្ឋមន្ត្រី បានស្នើសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិន ដើម្បីមិត្តភាព ជាមួយបរទេស បន្តជំរុញកិច្ចសហការ និងសាមគ្គីភាព រវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្ដសៀមរាប «ដែនដីអច្ឆរិយៈ» និងជាគោលដៅទេសចរណ៍ប្រកបដោយសក្ដានុពលរបស់កម្ពុជា ព្រមទាំងបានអំពាវនាវឱ្យចូលរួមទាំងអស់គ្នា ក្នុងយុទ្ធនាការ ១). ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ចិន ម្នាក់! ២). ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ។
សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នា ជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កម្រិតស្តង់ដារខ្ពស់ ក្នុងយុគសម័យឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគទេសចរណ៍ ដើម្បីអនាគតកាន់តែល្អប្រសើរ៕