ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវតាមដានលើពាក្យបណ្តឹងរបស់កញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារព្រៃស ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពី កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត តាមរយៈមេធាវីរបស់ខ្លួន។
លោកទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១៣ វិច្ឆិកាថា ក្រោយបានទទួលពាក្យបណ្តឹងតាមរយៈមេធាវីរបស់សេង ធារីរួច គឺខាងពន្ធនាគារបានបង្កើត ក្រុមការងារមួយ ចុះស្រាវជ្រាវករណី នេះហើយ។
លោកគូសបញ្ជាក់ថា “បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងតែបន្តនីតិវិធី ដោយបង្កើតក្រុមការងារជំនាញចុះស្រាវជ្រាវអង្កេតរកភស្តុតាងប្រមូលនូវព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការលើកឡើងរបស់គាត់(សេង ធារី)នុងដែលថា មន្រ្តីពន្ធនាគារធ្វើបាប រំលោភសិទ្ធិរបស់គាត់ អ្នកជាប់ឃុំធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់”។
លោកថា ជាគោលការណ៍ដឹកនាំ ដោយក្រសួងមហាផ្ទៃតែងតែអប់រំណែនាំដល់មន្រ្តីពន្ធនាគារពីសិទ្ធិសេរីភាព ទៅលើអ្នកជាប់ឃុំ ឬក៏អ្នកជាប់ឃុំដូចគ្នាទាស់ទែងគ្នា ដោយប្រការណាមួយពីលើច្បាប់ ដែលមានស្រាប់ជារឿយៗ។
ទោះបីជាយ៉ាងណាលោកទទួលស្គាល់ថា ទោះការអប់រំ ណែនាំមិនបានល្អទាំងស្រុងក៏ដោយ ប៉ុន្តែមានភាព ល្អប្រសើរច្រើន។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ កញ្ញា សេង ធារី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពាក់ព័ន្ធផែនការ ក្បត់ជាតិវិលចូលស្រុករបស់លោក លោក សម រង្ស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០១៩នោះ ហើយកញ្ញាត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តព្រះវិហារ ហើយចុងឆ្នាំ២០២៣កញ្ញា ត្រូវបានបញ្ជូនមកពន្ធនាគារព្រៃសវិញ៕