ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ដែលមានភូមិសាស្ត្រ ជាប់មាត់ទន្លេ ជិះទូកពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។
តាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់លោក ឃួង ស្រេង នាពេលនេះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពលេីកចុងក្រោយ ចំពោះការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកឬទេ។
លោកស្រីអ្នកនាំពាក្យបន្តថា ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វា និងខណ្ឌឬស្សីកែវហេីយនោះ បានពិនិត្យឃើញថា អ្វីដែលជាគម្រោង គឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរ ពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថាឆ្នាំនេះ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេ មានលក្ខណៈល្អប្រសើរ ជាងបណ្តាឆ្នាំមុនៗ៕