ភ្នំពេញ៖ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយចាត់ទុកជាការប្រញាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យលើរបៀបវារៈមួយចំនួន ប៉ុន្តែរបៀបវារៈដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ របៀបវារៈទី១ដែលពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។
គោលបំណងនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺដោយផ្អែកលើសមិទ្ធផលនៃ “កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឈានដល់ការសម្រេច គោលដៅជាតិរបស់ខ្លួន ហើយជឿជាក់ថាប្រទេសនីមួយៗ មានសមត្ថភាពពេញលេញក្នុងការបន្តនិងធានា បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងប្រទេសរៀងៗខ្លួន” និងការវាយតម្លៃយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស បានជូនដំណឹងជាផ្លូវការ ស្តីពី “ការដកខ្លួន របស់កម្ពុជាចេញពី អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំងបី ស្តីពីគោល នយោបាយអនុគ្រោះ ជាពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ជាហេតុនាំឱ្យកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោលផងដែរ ។
ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួម នៃសេចក្តីព្រាងច្បាប់នេះ និងការពិចារណាគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណង ដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុង របស់កម្ពុជាដែលបានដកខ្លួនចេញពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់សុពលភាពនៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធសភាបានស្នើរដ្ឋសភា កែសម្រួលចំណងជើងនិងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៤មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមាន យោបល់រួចមក លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលខាងលើនេះ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការប្រញាប់៕