ព័ត៌មានជាតិ

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក សន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។

ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ករណីលិចទូក ៦លើក ស្មើ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើក នៅគោលដៅ ក.៣ក្នុងនោះ ដួលដោយខ្លួនឯង ២លើក និងម៉ូតូបុកពីក្រោយម៉ូតូកងបី ១លើក បណ្តាលរបួសស្រាល៣នាក់ ត្រូវបានក្រុមការងារបញ្ជូនសង្រ្គោះបឋមនៅស្នាក់ការប្រចាំការសុខាភិបាល។

ករណីជនអនាថាម្នាក់ ស្រវឹងដួលបោកក្បាល នៅគោលដៅ ក.៩.២ បណ្តាលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កម្លាំងការពារគោលដៅ បានរកឃើញករណីវង្វេងសាច់ញាតិចំនួន ៣៤នាក់ (មនុស្សចាស់២នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន ៩នាក់ទៀត។

កម្លាំងការពារគោលដៅបានចុះធ្វើការសម្របសម្រួល និងបញ្ចប់ករណីទំនាស់ពាក្យសម្តី១លើក បង្កឲ្យកើតមានអំពើហិង្សារវាងចំណុះទូកខេត្តកំពង់ចាម (២១៣) និងចំណុះទូកខេត្តកណ្តាល (២៣៥)។ ករណីនេះពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ។

កងកម្លាំងបានចេញអន្តរាគមន៍ជួយសង្រ្គោះករណីទូកលិចទឹកចំនួន ៦ទូក ដោយ ជួយសង្រ្គោះកីឡាករបានទាំងអស់ និងសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួនម្នាក់ ប្រកបដោយសុវត្ថិភាព។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ៣,៨៨៦នាក់ (ស្រី៩៨៤នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ២នាក់៕

To Top