សេអ៊ូល ៖ យោងតាមសារព័ត៌មានរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យផលិតយន្តហោះគ្មានមនុស្សដើម្បីបង្កើនការវាយប្រហារ ខណៈមានក្តីបារម្ភកើនឡើងជុំវិញកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរបស់ប្រទេសនេះជាមួយនឹងប្រទេសរុស្ស៊ី ។
ក្រុងព្យុងយ៉ាង បានបង្ហាញជា លើកដំបូង នូវយន្តហោះគ្មានមនុស្ស បើកវាយប្រហាររបស់ខ្លួននៅក្នុងខែសីហា ដោយអ្នកជំនាញបានឲ្យដឹងថា សមត្ថភាពនេះអាចមក ពីសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេសកូរ៉េខាងជើង ជាមួយនឹងរុស្ស៊ី ។
ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយ នេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយជាមួយក្រុងម៉ូស្គូ ហើយត្រូវបានចោទប្រកាន់ថា បានដាក់ពង្រាយទាហានរាប់ពាន់នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ដែលជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ព្រមានអំពីការផ្ទេរសក្តានុពល នៃបច្ចេកវិទ្យាយោធារុស្ស៊ីដ៏រសើបទៅកាន់កូរ៉េខាងជើង ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានផ្សាយឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានត្រួតពិនិត្យការសាកល្បង យន្តហោះគ្មានមនុស្សបើកដែលត្រូវបាន រចនាឡើងដើម្បីវាយប្រហារគោលដៅទាំងដីគោក និងដែនសមុទ្រ ដែលផលិតដោយមជ្ឈមណ្ឌលបច្ចេកវិទ្យា គ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើង ។
ទីភ្នាក់ងារ KCNA បានផ្សាយថា “រូបគាត់បានគូសបញ្ជាក់ពីតម្រូវការក្នុងការកសាងប្រព័ន្ធផលិតកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចូលទៅក្នុងផលិតកម្មទ្រង់ទ្រាយធំទាំងស្រុង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា