ភ្នំពេញ៖ ដើម្បីបំពេញ តម្រូវការស្បៀងក្នុងស្រុក ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនៃ ការរីករាលដាលជំងឺកូវី១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្ដីណែនាំ ហាមឃាត់កុំឲ្យមានការនាំចេញ ត្រីទៅក្រៅប្រទេស ខណៈជង្រុកចិញ្ចឹមត្រី នៅតំបន់បឹងព្រែកសំរោង ខណ្ឌព្រែកព្នៅ ត្រូវបានអាជ្ញាធរនិងក្រុមហ៊ុនមួយចំនួន ឃុបឃិតគ្នាចាក់លុបស៊ង ចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ យ៉ាងបំពាន និងអយុត្តិធម៌បំផុត។
ឆ្លើយតបនឹងការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ ប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យផល ចិញ្ចឹមត្រីលើផ្ទៃបឹងព្រែកសំរោង បានសំណូមពរ ឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ អំពើអយុត្តិធម៌ ដ៏កំរោលមួយនេះ កុំឲ្យកើតមានឡើងទៀត ដើម្បីប្រជាពលរដ្ឋ អាចប្រកបអាជីវកម្ម ចិញ្ចឹមត្រីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកបាន។
ប្រជាពលរដ្ឋរងគ្រោះ បានបង្ហើបឲ្យដឹងថា “កន្លែងចិញ្ចឹមត្រីខ្លះ ត្រូវបានរំលោភបំពាន ដោយសារតែអាជ្ញាធរខ្លះ បានឃុបឃិតគ្នា ធ្វើប្លង់ចាក់ដីលុប យកស៊ងចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល ជាក់ស្ដែងនៅក្នុងតំបន់ បឹងសំរោង ខណ្ឌព្រែកព្នៅ តែម្ដងដែលនេះ ជាទង្វើអយុត្តិធម៌ មិនអាចទទួលយកបានឡើយ។ បច្ចុប្បន្ននេះមាន ក្រុមហ៊ុនមួយចំនួន បាននិងកំពុងឃុបឃិត ជាមួយអាជ្ញាធរធ្វើប្លង់ ក្លែងក្លាយ ជាពិសេសលួចបង្ហូរទឹកចេញពីស៊ង ចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋ ដើម្បីអាចលួចចាក់ដីលុប បែងចែក ផលប្រយោជន៍គ្នាបាន។ វិវាទដីធ្លីកំពុងកើត មានជាច្រើនគ្រួសារធ្វើ ឲ្យបាត់បង់ជង្រុកចិញ្ចឹមត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ប្រសិនបើពុំមានករណី រំលោភបំពានយកដី របស់ប្រជាពលរដ្ឋនោះទេពួកគាត់ អាចធ្វើអាជីវកម្មចិញ្ចឹមត្រី បានច្រើនគួរសមអាចរួម ចំណែកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។”
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការ ឱ្យក្រសួងពាក់ព័ន្ធ ហាមឃាត់ការនាំចេញត្រី ទៅក្រៅប្រទេសដើម្បីត្រៀម បម្រុងទុកកុំឱ្យមានការខ្វះខាត លើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាល ជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង ៕



