ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ពីប្រទេសចិន

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានបង្ហាញមោនភាពក្រោយទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» មកពីមហាសន្និបាតភាសាចិនពិភពលោក ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក Han Zheng អនុប្រធានាធិបតីចិន តំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០ លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។ 

សន្និបាតនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងប្រទេសចិន។

ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត សុខ ទូច ពិតជាមានមោទភាពយ៉ាងខ្លាំង ដោយបានឡើងទទួល «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ។

លោក បណ្ឌិត សុខ ទូច លើកឡើងថា នេះមិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាតែប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថាន គឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់ នៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន៣៤ផ្សេងទៀត លើទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់ មួយនេះ៕

To Top