ភ្នំពេញ៖ លោក André Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានសម្តែងនូវការកោតសសើរ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ ។
ការលេីកឡេីងរបស់ប្រធានអង្គការ IDC-CDI ខាងលេីនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។
ក្នុងជំនួបខាងលេីនេះ លោកប្រធានអង្គការ IDC-CDI បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោត ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំប្រទេសសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ។
ជាមួយគ្នានេះ លោកប្រធានអង្គការ IDC-CDI ក៏បានកោតសសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ ព្រមទាំងបាន ជម្រាបជូនសម្តេចបវរធិបតីបន្ថែមថា គណៈប្រតិភូជាច្រើន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ មានគោលបំណងរួមមួយ គឺការកសាងសន្តិភាព។
ក្នុងនោះដែរ គណៈប្រតិភូទាំងអស់សង្ឃឹមថា នឹងទទួលបានបទពិសោធន៍បន្ថែមទៀត ពីប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាពដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះផងដែរ លោកប្រធានអង្គការ IDC-CDI និងជាអតីតប្រធានាធិបតី នៃប្រទេសកូឡុំប៊ី ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រក្នុងកិច្ចការបោសសម្អាតមីន នៅក្នុងប្រទេសកូឡុំប៊ីផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះអង្គការ IDC-CDI ដែលបានចូលរួមសង្កេតការបោះឆ្នោត នៅកម្ពុជា នាពេលកន្លងមក និងផ្ដល់យុត្តិធម៌ ដល់ការបោះឆ្នោតបែបប្រជាធិបតេយ្យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ ប្រព្រឹត្តទៅនៅចំពេលដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន ហើយកិច្ចប្រជុំនេះបានក្លាយជាវេទិកា សម្រាប់ទាំងអស់គ្នា ក្នុងការកសាងនូវការតភ្ជាប់ ក៏ដូចជាទំនាក់ទំនងគ្នាបន្ថែមទៀត និងផ្ដល់កាលានុវត្តភាព ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ៕