បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍ដែលថា ប្រធានាធិបតីអាមេរិក Joe Biden បានអនុញ្ញាតឱ្យទីក្រុងគៀវ ធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយប្រើសព្វាវុធអាមេរិកដែលបានបរិច្ចាគ ប្រសិនបើមានការបញ្ជាក់មែននោះ គឺវានឹងបង្ហាញពីការកើនឡើងនៃជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មានជាច្រើន បានអះអាង កាលពីថ្ងៃអាទិត្យថា លោក Biden បានយល់ព្រមកាត់បន្ថយការរឹតបន្តឹង បន្ថែមទៀត អំពីរបៀបដែលទីក្រុងគៀវ អាចប្រើប្រាស់អាវុធ ដែលផ្តល់ដោយមន្ទីរបញ្ចកោណ ។ ប្រធានាធិបតីអាមេរិក តាមសេចក្តីរាយការណ៍ បានអនុញ្ញាត ឲ្យរដ្ឋាភិបាលលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី វាយប្រហារតំបន់ Kursk របស់រុស្ស៊ី ជាមួយនឹងមីស៊ីលផ្លោង ATACMS។ ផែនការជ័យជម្នះដែលមេដឹកនាំអ៊ុយក្រែនដាក់ជូនរដ្ឋាភិបាលអាមេរិកក្នុងខែកញ្ញាតម្រូវឱ្យមានការប្រើប្រាស់អាវុធលោកខាងលិចដោយគ្មានការរឹតត្បិត។
លោក Peskov បាននិយាយថា ជំហររបស់ទីក្រុងម៉ូស្គូលើបញ្ហានេះ ត្រូវបានបង្កើតឡើង យ៉ាងច្បាស់ នៅដើមឆ្នាំនេះ ដោយប្រធានាធិបតីវ្ល៉ាឌីមៀពូទីន ដែលបាននិយាយថា ការវាយប្រហារតាមបន្ទាត់ ដែលបានស្នើសុំដោយលោក ហ្សេលេនស្គី នឹងមិនអាចទៅរួចទេ បើគ្មានការរួមចំណែក ដោយផ្ទាល់ពីចារកម្មលោកខាងលិច និងអ្នកជំនាញខាងយោធា។ លោកបានព្រមានថា ប្រសិនបើធ្វើការវាយប្រហារបែបនេះមានន័យថា “ប្រទេសណាតូកំពុង មានសង្គ្រាមជាមួយរុស្ស៊ី”។
នៅពេលសួរថា តើប្រធានាធិបតី ជាប់ឆ្នោតលោក Donald Trump នឹងបដិសេធការសម្រេចចិត្ត នៅពេលគាត់ចូលកាន់ តំណែងក្នុងខែមករាដែរឬទេ ? លោក Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ឡើយ។ ជំនួសមកវិញ លោកបានព្រមានថា ប្រសិនបើរបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយត្រូវបានបញ្ជាក់ថាជាការពិត “នោះពិតជាមានគុណភាព នៃការកើនឡើង នៃភាពតានតឹង និងស្ថានភាព ថ្មីប្រកប ដោយគុណភាពទាក់ទង នឹងការចូលរួម របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះនេះ”៕
ប្រែសម្រួលៈ ណៃ តុលា