ព័ត៌មានជាតិ

រដ្ឋសភា កំណត់ថ្ងៃ២០វិច្ឆិកា បើកសម័យប្រជុំពេញអង្គ សំណើផ្តាស់ប្តូរលោក ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួង ការបរទេស ជំនួសលោក សុខ ចិន្តាសោភា

ភ្នំពេញ ៖ បើគ្មានអ្វីផ្លាស់ប្ដូរទេនោះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើសំណើ ស្នើសុំផ្លាស់ប្ដូរសមាជិក រាជរដ្ឋាភិបាលចំនួនពីររូប ដោយផ្លាស់ប្តូរលោក ប្រាក់ សុខុន មកធ្វើជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា វិញ ។

ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់ កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនបួន រួមមាន៖
១.ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលនិងតែងតំាងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។

២.ការពិភាក្សានិងអនុម័តលើយោបល់ ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

៣.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

៤.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

To Top