ព័ត៌មានអន្តរជាតិ

ប៉ូលីសវៀតណាម ៖ ជិតពាក់កណ្តាល នៃអ្នកប្រើប្រាស់គ្រឿងញៀន នៅវៀតណាម គឺមានអាយុចាប់ពី ១២ឆ្នាំ ទៅ ៣០ ឆ្នាំ

VN Express

បរទេស ៖ យោងតាមក្រសួងសន្តិសុខ សាធារណៈបានឱ្យដឹងថា ការប្រើប្រាស់គ្រឿងញៀន ក្នុងចំណោមយុវជន ក្នុងប្រទេសវៀតណាម កំពុងកើនឡើង ដោយជិតពាក់កណ្តាល នៃអ្នកប្រើប្រាស់ទាំងអស់ គឺមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ៣០ឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមខែតុលា ចំនួនបុគ្គលសរុប ដែលពាក់ព័ន្ធនឹងការ ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ការញៀន ឬស្ថិតក្រោមការគ្រប់គ្រង ក្រោយការស្តារនីតិសម្បទា ក្នុងប្រទេសវៀតណាម មានចំនួនជិត ២៣០.០០០នាក់ ។ ក្នុងចំណោមនោះ 44.6% មានអាយុពី ១២ឆ្នាំ ទៅ ៣០ឆ្នាំ ខណៈដែលអ្នកមានអាយុលើសពី ៣០ មានចំនួន 55.4% ។ នេះបើតាមអ្នកតំណាង របស់ក្រសួងបាននិយាយ នៅក្នុងសន្និសីទអនឡាញ ស្តីពីការកាត់បន្ថយតម្រូវការ គ្រឿងញៀន ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ។

អ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើន  គឺ 60% – គឺជាអ្នកអត់ការងារធ្វើ ឬធ្វើការមិនស្ថិតស្ថេរ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងដោយការកើនឡើងនៃករណីដែលបុគ្គលជួលសណ្ឋាគារ អាផាតមិន ឬរមណីយដ្ឋានប្រណីតដើម្បីរៀបចំពិធីជប់លៀងដើម្បីប្រើប្រាស់គ្រឿងញៀន។

យោងតាមក្រសួងបានឱ្យដឹងថា ការប្រើប្រាស់សារធាតុដូចជា “ឧស្ម័នសប្បាយ” និងថ្នាំដែលដាក់បន្លំក្នុងអាហារ ភេសជ្ជៈ ឱសថ និងបារីអេឡិចត្រូនិច បានកើនឡើងជាពិសេសក្នុងចំណោមក្មេងជំទង់ និងមនុស្សវ័យជំទង់។

ចាប់តាំងពីឆ្នាំ ២០២២ មក ភ្នាក់ងារអនុវត្តច្បាប់បានរកឃើញករណីគ្រឿងញៀនជាង ៦៧.០០០ ករណី ចាប់ខ្លួនជនសង្ស័យជាង ១០៥.០០០ នាក់ និងរឹបអូសបានហេរ៉ូអ៊ីនជាង ១,៦ តោន, កញ្ឆា ១,៧ តោន និងជាង ៧,៦ តោន និងថ្នាំញៀនសំយោគចំនួន ៧ លានគ្រាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top