ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ ក្នុងការពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំ ក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសវិស័យការបរទេស និងកិច្ចសហប្របត្តិការអន្តរជាតិ ។
នាឱកាសអញ្ជើញចូលរួម ប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សា លើរបៀបវារ:សំខាន់ៗ មួយចំនួនទៀត នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបរិបទអន្តរជាតិ មានភាពស្មុគស្មាញ និងភាពមិន ប្រាកដប្រជា គ្រប់បែបយ៉ាង កម្ពុជា ក៏អាចទទួលនូវកាលានុវត្តភាពមួយ ចំនួនផងដែរ ប្រសិនបើប្រកាន់ភាពបត់បែន និងតាមទាន់ សភាពការប្រែប្រួលក្នុងតំបន់ និងពិភពលោក ហើយអាចត្រៀមឱ្យបាននៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព និងប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ ដែលអាចកើតចេញពីការវិវត្តសភាពការណ៍នេះ។
សម្ដេចបវរធិបតី បន្ដថា សម្រាប់លើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ដោយជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជា ការទាក់ទាញបន្ថែមនូវការ វិនិយោគនិងធុរកិច្ច ដែលអាចផ្លាស់ប្តូរទីតាំងចេញពីតំបន់ផ្សេង។
សម្ដេចបវរធិបតី មានប្រសាសន៍ថា «ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាព នៃយន្តការដឹកនាំ នៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការ បរទេស និងកិច្ចសហប្របត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់ លើការជំរុញអនុវត្តលើគោលនយោបាយ ការបរទេសប្រកបដោយភាពបត់បែន និងឈ្លាសវៃ ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូល របស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាព និងស្ថេរភាពសង្គម ការការពារយុត្តិធម៌ និងកិត្យានុភាពកម្ពុជា» ។
សម្ដេចបវរធិបតី បន្ថែមថា ការបន្តយកចិត្តទុកដាក់ក្នុងថែរក្សា និង លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាព និងសហប្រតិបត្តិការពហុវិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្ដាប្រទេស និង ដៃគូសំខាន់ៗ ទាំងក្នុងតំបន់ និងក្រៅតំបន់និងលើឆាកអន្តរជាតិ ព្រមទាំងការបន្តចូលរួមកាន់ តែសកម្មនៅក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព និងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានាលើពិភពលោក៕
នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរដល់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕