ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ផ្ទៃក្រឡាផ្ទៃដីនៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ដែលបានឯកភាពគ្នា ដោយមិនទាន់រាប់បញ្ចូលផ្ទៃដីដែនកោះ កម្ពុជា មានផ្ទៃក្រឡា ១៨១៤៣៦គីឡូម៉េត្រការ៉េ សបញ្ជាក់ថា មិនត្រឹមតែមិនបាត់ក្រោម១៨១០៣៥ហើយនោះ ថែមទាំងមានការកើនឡើងប្រមាណ៤០០គីឡូម៉ែត្រការ៉េទៀតផង ។
ការលើកឡើងពីផ្ទៃក្រឡាថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានបន្តបញ្ឆេះកំហឹង និងធ្វើឱ្យពលរដ្ឋ ភ័ណ្ឌច្រឡំ ជាមួយនឹងរដ្ឋាភិបាល ពីមួយទៅមួយ ពោលបន្ទាប់ពីរឿង CLV ចូលដល់រឿងថ្មីៗនេះ លើបញ្ហាដែនកោះជាប់ប្រទេសថៃវិញម្តង គឺកោះគុត ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ក្រោយពីយើងវាស់វែង អានឹងយើងមិនទាន់រៀបចំរាប់ដីកោះ ដីអីផង មានបងប្អូនខ្លះ ទៅសាក់លើខ្នង ១៨១០៣៥គីឡូម៉ែត្រការ៉េ ប្រយ័ត្នត្រូវដូរណា ព្រោះយើងគ្រាន់តែវាស់ឆ្នាំ២០១២ ផ្ទៃក្រឡាដីរបស់យើង ឡើង ១៨១៤៣៦គីឡូម៉េត្រការ៉េ មិនទាន់រាប់កោះផង មិនមែនបាត់ក្រោម១៨១០៣៥ទេ គ្រាន់តែយើងវាស់សាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី តាមអ្វីដែលយើងបានឯកភាពគ្នា មកដល់ម៉ោងនេះ មិនទាន់រាប់ដីកោះរបស់យើងផង មាន១៨១៤៣៦គីឡូម៉ែត្រការ៉េ កើនជាង៤០០-៣០០គីឡូម៉ែត្រការ៉េទៅហើយ ចឹងអ្នកទៅសាក់ ១៨១០៣៥ តិចទៀតគួរតែទៅដូរទៅ ចាំពេលយើងចរចាមិនឱ្យបាត់ក្រោម១៨១ ហើយឯកសារនេះអត់លាក់លៀមទេ សម្តេចតេជោ បានបង្ហោះ ហើយ Copy រាប់បាន់សន្លឹកចែក ពេលដែលសម្តេចបកស្រាយនៅសភា៥ម៉ោងនោះ” ។
យ៉ាងណាក៏ដោយសម្តេចធិបតី បានបញ្ជាក់ថា ការដែលមិនបានប្រកាសជាផ្លូវការ ដោយសារតែកិច្ចការចរចាព្រំដែននេះ នៅមិនទាន់រួចរាល់នៅឡើយ ពោលស្ថិតក្នុងការចរចាព្រំដែនទឹកបន្ថែមទៀត ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “អ្វីដែលយើង២០១២ អ្វីដែលយើងចប់ពីឆ្នាំនោះ វាដល់ប៉ុណ្ណឹងទៅហើយ លើស១៨១០៣៥គីឡូម៉ែត្រការ៉េទៅហើយ នេះជាការពិត ហើយគ្មានអ្វីលាក់លៀមទេ”៕