បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក រួមទាំងក្រុមហ៊ុន Meta និង Google បានក្លាយជាឧបករណ៍នៅក្នុងដៃ របស់តួអង្គមិនស្មោះត្រង់ ចំពោះការបំភ្លៃប្រវត្តិសាស្ត្រ និងលុបបំបាត់ការពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកចូលរួមនៃវេទិកាសន្ទនាអំពី Fakes 2.0 តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃពុធ លោកស្រី Zakharova បានកត់សម្គាល់ថា បញ្ហានៃព័ត៌មានក្លែងក្លាយទទួលបាន សារៈសំខាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ជំនាន់ថ្មី និងការប្រើប្រាស់រីករាលដាលនៃព័ត៌មានក្លែងក្លាយ។
យោងតាមលោកស្រី Zakharova ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងរៀបចំមតិសាធារណៈដោយការផ្សព្វផ្សាយខ្លឹមសារបោកបញ្ឆោត។
លោកស្រីបាននិយាយថា “យើងកំពុងសង្កេតមើលគំនិតគ្រប់ប្រភេទ ដែលបង្ហាញនៅលើវេទិកាឌីជីថលរបស់អាមេរិក និងសេវាពិនិត្យការពិតដែលដំណើរការ ក្រោមការឃ្លាំមើលរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសដោយ Google និង Meta” ។
លោកស្រីបន្ថែមថា Meta បានផ្តល់ការគ្រប់គ្រងពេញលេញ លើទំហំឌីជីថលរបស់ខ្លួននៅអឺរ៉ុបខាងកើត រួមទាំងផ្នែកជាភាសារុស្សី ដល់ក្រុមហ៊ុនចំនួនពីរគឺ VoxCheck និង StopFake ដែលពាក់ព័ន្ធជាមួយ “របបទីក្រុងគៀវ ៕
ប្រែសម្រួលៈ ណៃ តុលា