ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា មិនគួរជាកម្មវត្ថុដែលភាគី វៀតណាមនឹងលើកយកករណី CLV មកពិភាក្សាទេ ។ នេះជាការលើកឡើងរបស់លោក គិន ភា ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយ។
នៅល្ងាចថ្ងៃ២១ វិច្ឆិកានេះ លោកត្រិន ថាញ់មិន (Mr. Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមកដល់កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃ។
តាមគម្រោងលោកត្រិន ថាញ់មិន នឹងមានជំនួបជាមួយសម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាដើម។
លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២១ វិច្ឆិកាថា ករណីតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) នឹងគ្មានរបៀបវារៈសម្រាប់ជជែកពិភាក្សាក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រិន ថាញ់មិន នៅកម្ពុជានោះទេ ក្រោយពីកម្ពុជាបានដកខ្លួនចេញកាលពីពេលថ្មីៗនេះ។
លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា មិនគួរជាកម្មវត្ថុដែលត្រូវយកមកពិភាក្សានោះទេ ខាងវៀតណាមទាំងរដ្ឋសភា ទាំងក្រសួងការបរទេសគឺត្រូវបានភាគីកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងរួចហើយ ដូច្នេះប្រសិនបើរដ្ឋសភាវៀតណាមលើកយកបញ្ហាហ្នឹងមកជជែកទៀត ហាក់ដូចជាមិនយល់ពីនីតិវិធីនៅក្នុងទំនាក់ទំនងអន្តរជាតិ”។
តែទោះបីជាយ៉ាងណាលោកគិតថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ខាងភាគីវៀតណាមនឹងលើកពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែម ទៀត។
សូមបញ្ជាក់ថា កាលពីអំឡុងខែតុលា កម្ពុជាបានផ្ញើកំណត់ការទូតទៅភាគីវៀតណាម និងឡាវអំពីការដកខ្លួនចេញពីតំបន់CLV ក្រោយប្រទេសទាំង៣បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីអភិវឌ្ឍន៍នៅតាមព្រំដែន កាលពីឆ្នាំ១៩៩៩៕