ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោក បច្ចុប្បន្នដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។
មហាសន្និបាត ICAPP លើកទី១២ នឹងធ្វើការប្រមូលផ្តុំកម្លាំង របស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតប ចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗ របស់អង្គការ ICAPP ក្នុងការតភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិសំខាន់ៗ និងបណ្ដាញគណបក្សនយោបាយ នៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយ ដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយនឹងគណបក្សនៅអាស៊ី។ មហាសន្និបាត ICAPP លើកទី១២ ក៏បានដាក់បញ្ចូលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្ស នយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា» ដែលមានការអញ្ជើញចូលរួមពីតំណាង មកពីគណបក្សនយោបាយ នៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែក ដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជាគណបក្សដឹកនាំមួយ នៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។
គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថា ការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយ ដែលមាននិន្នាការនយោបាយខុសៗគ្នា មានសារៈសំខាន់ណាស់ ដើម្បីជំរុញការតភ្ជាប់ជាមួយនឹង បណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នា ទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។
គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។
សម្ដេចតេជោ បានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ នៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាងប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាព ដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេស តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និង ការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍ លើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនា របស់ប្រជាជនត្រូវបានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថា កម្ពុជានឹងអាចចូលរួមចំណែកចែករំលែក អំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោក ទាំងមូល។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញ លោក លោកស្រី និងអង្គប្រជុំទាំងមូលចូលរួម ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ព្រមទាំងចូលរួមគាំទ្រ ដល់ការអនុម័តធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី ដែលនឹងក្លាយជាក្របខ័ណ្ឌអន្តរជាតិមួយបង្កើតឡើងដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ៕