ព័ត៌មានជាតិ

សម្ដេចតេជោ៖ បច្ចុប្បន្នស្ថានភាព នយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ និងការកែលម្អ ជីវភាពប្រជាជន

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបបក្ស ប្រជាជនកម្ពុជា បានអះអាងថា បច្ចុប្បន្នស្ថានភាព នយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អ ជីវភាពប្រជាជន ។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំ សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយស ដែលបានទទួលធ្វើជាម្ចាស់ ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាព ការណ៍ពិភពលោក បច្ចុប្បន្នដែលកំពុងជួបប្រទះ នូវបណ្ហាប្រឈមផ្នែក ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ នៅក្នុងរយៈពេល ជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាងប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាព ដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ មានប្រសាសន៍ថា «បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជា មានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះ ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន»។

សម្ដេចបន្ថែមថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេស តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍ លើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏ សុខដុមរមនា របស់ប្រជាជនត្រូវបានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។

សម្ដេចគួសរំលេចថា ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថា កម្ពុជានឹងអាចចូលរួមចំណែកចែករំលែក អំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោក ទាំងមូល៕

To Top