ព័ត៌មានជាតិ

ក្រសួងសាធារណការ៖ ការចុះផ្សាយព័ត៌មានថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងជួបប្រទះបញ្ហាខ្វះខាតមូលនិធិ ជារឿងមិនពិត

ភ្នំពេញ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជួន នៅព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានច្រាលចោលនូវការចុះផ្សាយរបស់ សារព័ត៌មានបរទេសមួយចំនួន រួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោងព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង”។

ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា ខ្លឹមសារដែលសារព័ត៌មានខាងលើ កំពុងប្រើប្រាស់និងផ្សព្វផ្សាយ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹង កិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពី ការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅ អំពីផលប៉ះពាល់ជាក់ស្តែង ចំពោះបងប្អូនប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវកំណត់និងដោះស្រាយចំពោះមុខ។ លើសពីនេះ ក្រុមការងារអនុវត្តគម្រោង បាននិងកំពុងបន្តអនុវត្តយ៉ាង សស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូច ការលើកឡើងមិនពិតម្តងហើយម្តងទៀត របស់សារព័ត៌មានទាំងនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់អំពីកិច្ចដំណើរការសាងសង់ “ព្រែកជីក ហ្វូណនតេជោ” ឬក្នុងករណីប្រជាពលរដ្ឋមានបំណងចង់សាកសួរព័ត៌មានទូទៅ ឬមានចម្ងល់ផ្សេងៗអំពី កិច្ចដំណើរការនៃគម្រោងនេះ សូមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ «១២៧៥- ឬចូលសាកសួរ និងស្រាវជ្រាវព័ត៌មានដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងព្រែកជីកហ្វូណនតេជោ https://funantechocanal.gov.kh ឬទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/funantechocanal ឬប្រព័ន្ធតេឡេក្រាមផ្លូវការ https://t.me/funantechocanal នៅរៀងរាល់ម៉ោងធ្វើការ។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញបើកការដ្ឋានជាផ្លូវការគម្រោង ព្រែកជីកហ្វូណនតេជោ ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅ លើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕

To Top