ព័ត៌មានជាតិ

ប្រធានរដ្ឋសភាវៀតណាម ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ ជាមួយកម្ពុជា

រូបភាព៖​ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ក្នុងជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។

ក្នុងជំនួបពិភាក្សាខាងលេីនេះ លោកប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា បន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនោះលោកប្រធានរដ្ឋសភា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងវៀតណាម និងកម្ពុជា ថែមទាំងបានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រ ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនង រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ក្នុងនោះដែរ សម្ដេចធិបតី បានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ក្នុងជំនួបដដែរនេះ សម្ដេចធិបតី និងលោកប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

To Top