បរទេស៖ ក្រសួងការបរទេសអាល្លឺម៉ង់ បានសម្តែងការមិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស នៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ គ្រាប់មីនត្រូវបានហាមឃាត់ក្រោមអនុសញ្ញា Ottawa ឆ្នាំ ១៩៩៧ ហើយត្រូវបានផ្តល់ជូនដល់ទីក្រុងគៀវ ដោយរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ អ្នកនាំពាក្យរងក្រសួងការបរទេសអាល្លឺម៉ង់ លោក Christian Wagner ដំបូងឡើយបានព្យាយាមគេចពីសំណួរស្តីពី ការប្រើប្រាស់គ្រាប់មីនរបស់ទីក្រុងគៀវ ដោយចោទយោធារុស្ស៊ីថា បានប្រើប្រាស់អាវុធក្នុងទ្រង់ទ្រាយធំ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលត្រូវបានសង្កត់បន្ថែម និងប្រាប់ថា រុស្ស៊ីមិនមែនជាភាគីនៃអនុសញ្ញាអូតាវ៉ា ខណៈដែលអ៊ុយក្រែនជានោះ លោក Wagner បាននិយាយថា ទីក្រុងប៊ែរឡាំងមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់អ៊ុយក្រែន។
លោកបាននិយាយថា៖ «វាក៏គួរឲ្យសោកស្ដាយដែរដែលអ៊ុយក្រែន មានអារម្មណ៍បង្ខំឲ្យធ្វើជំហានបែបនេះ។ លោក Wagner បាននិយាយទៀតថា ប្រទេសអាល្លឺម៉ង់ក៏ជាភាគីនៃសន្ធិសញ្ញានេះ ហើយនៅតែប្តេជ្ញាចិត្តចំពោះវា។ លោកមិនបាននិយាយថាតើទីក្រុងប៊ែរឡាំង មានគម្រោងបង្ហាញជំហររបស់ខ្លួន ទៅក្រុងគៀវឬយ៉ាងណានោះទេ។
សូមជម្រាបថា មានប្រទេសជាង ១៦០ បានចុះហត្ថលេខាលើសន្ធិសញ្ញា Ottawa ឆ្នាំ 1997 ដែលហាមឃាត់ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ ការទទួលយកអាវុធរបស់សហរដ្ឋអាមេរិក និងប្រើប្រាស់វានៅលើសមរភូមិ នឹងក្លាយជាការបំពានលើកាតព្វកិច្ច អន្តរជាតិរបស់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា