ព័ត៌មានជាតិ

ពលរដ្ឋហួសចិត្ត មន្ត្រីសុរិយោដី ខេត្តបាត់ដំបង ពឹងឲ្យជួយវាស់ផ្លូវ ដែលបុរីសុវណ្ណរី រំលោភយក បែរវាស់ផ្លូវថែម ឲ្យក្រុមហ៊ុន

បាត់ដំបង ៖ ប្រជាពលរដ្ឋចំនួន ៧គ្រួសារ បានសម្ដែងនូវការហួសចិត្ត ចំពោះមន្ត្រីសុរិយោដី ខេត្តបាត់ដំបង ក្រោយពីពួកគាត់ពឹង ឲ្យជួយវាស់វែងរកខុសត្រូវ រឿងបុរីផ្ទះល្វែងសុវណ្ណរី បានរំលោភ យកដីសាធារណៈ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយបំពាន បែរជាមន្ត្រីទាំងអស់នោះ បានវាស់កាត់ដីបន្ថែមដល់ក្រុមហ៊ុន ហើយរុញដីផ្លូវចូល ទៅដីពលរដ្ឋម្ខាងទៀត ធ្វើឲ្យម្ចាស់ដីមានការហួសចិត្ត និងស្នើថ្នាក់ដឹកនាំខេត្ត ជួយអន្តរាគមន៍ ។

ស្ត្រីម្នាក់ឈ្មោះ វ៉ាន់ សាវឿន រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង តំណាងពលរដ្ឋ៧គ្រួសារ បានលើកឡើងថា ដោយសារបុរីសុវណ្ណរី កាលពីឆ្នាំ២០១៩ បានបោះរបង និងធ្វើសំណង់រំលោភដីផ្លូវសាធារណៈ ក្នុងតំបន់ពួកគាត់រស់នៅ កាលពីមុនទំហំ៤កន្លះ ប៉ុន្តែរំលោភនៅសល់តែ ៣ម៉ែត្រ ដោយបញ្ហានេះ ពួកគាត់បានប្ដឹងពីថ្នាក់ភូមិ ដល់ក្រុង រហូតដល់មន្ទីររៀបចំដែនដីខេត្ត ។

ស្ត្រីដដែល បានបន្តថា បន្ទាប់ពីប្ដឹងទៅមន្ត្រីមូលដ្ឋាន រហូតដល់ជំនាញ មិនអាចជួយដោះស្រាយបាន ទើបពួកគាត់ស្នើលោក អ៊ួ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ ប្រធានមន្ទីរបានបញ្ជូនលោកស្រី សុខ គីនណា ប្រធានការិយាល័យភូមិបាលក្រុងបាត់ដំបង មានការចូលរួមពីមន្ត្រីមូលដ្ឋានផងនោះ មិនបានវាស់វែងដី របស់បុរីឲ្យបានល្អិតល្អន និងវាស់យកដីផ្លូវពីខាងបុរីត្រូវរំលោភយកនោះទេ បែរជាវាស់កាត់ដីផ្លូវសល់ ៣ម៉ែត្រនេះ ឲ្យខាងក្រុមហ៊ុនអស់ពាក់កណ្ដាលផ្លូវទៀត និងវាស់រុញចូលទៅដីខាងពលរដ្ឋម្ខាងទៀត ដើម្បីពង្រីកផ្លូវទៅវិញ ។

អ្នកស្រី វ៉ាន់ ស្រី ជាម្ចាស់ដីដែលត្រូវជំនាញសុរិយោដីវាស់វែងចូលដីគាត់ ដើម្បីពង្រីកផ្លូវនោះ បានសម្ដែងនូវការហួសចិត្តជាខ្លាំងនៅពេលឃើញទង្វើររបស់ជំនាញបែបនេះ ព្រោះដីរបស់គាត់មានប្លង់ត្រឹមត្រូវ។ ដោយគាត់បានធ្វើព្រំលើដី និងបោះរបងកាលពីឆ្នាំ១៩៩៨ ទទួលបានប្លង់ស្លាបមាន់កាលពីឆ្នាំ២០០២ ហើយទទួលបានប្លង់រឹងកាលពីឆ្នាំ២០០៩ ដោយមានវាយត្រាពីលោក ងួន រតនៈ ដែលកាលនោះជាប្រធានមន្ទីរសុរិយោដីខេត្ត ។

អ្នកស្រីបានបន្ថែមថា នៅពេលមន្ត្រីសុរិយោដីមកវាស់វែង កាលពីថ្ងៃទី២០ ខែមិនា គាត់ក៏បានចូលរួមមើលដែរ ដោយខាងជំនាញគ្រាន់តែយកជីភីអេស (GPS) វាស់លើដីខាងបុរីសុវណ្ណរី ពីជើងទៅត្បូង មិនប្រើខ្សែម៉ែត្រវាស់នោះទេ ដោយខាងដីរបស់គាត់វិញ ខាងជំនាញបានប្រើខ្សែម៉ែត្រវាស់យ៉ាងល្អិតល្អន់ និងមានបាញ់ថ្នាំតាមចំណុចដៅនីមួយៗ និងបានវាស់ចូលដីរបស់គាត់ជាង ១ម៉ែត្រ ដើម្បីពង្រីកផ្លូវ ។ អ្នកស្រី វ៉ាន់ ស្រី បញ្ជាក់ថា នៅពេលឃើញជំនាញវាស់ចូលដីគាត់បែបនេះ គាត់បានសួរទៅអ្នកស្រី សុខ គីនណា ហើយគាត់ (គីនណា) ឆ្លើយថា ការវាស់ចូលនេះមិនមានបាត់ដីក្នុងប្លង់របស់គាត់នោះទេ បើបាត់ដីគាត់ អ្នកស្រីនឹងធានាសង់វិញមួយជាពីរ ។

ពាក់ព័ន្ធនឹងបញ្ហាការវាស់ផ្លូវចូលដីគាត់នេះ ត្រូវស្ត្រីជាម្ចាស់ដី ដាក់ជាចម្ងល់ថា ហេតុអ្វីគាត់មិនដែលលើកបង្គោល របងទៅណាផងហើយ កាលឆ្នាំ២០០៩សុរិយោដីខេត្តបានចេញប្លង់ ឲ្យគាត់តាមទំហំដីបច្ចុប្បន្ន ដោយមានហ៊ុមរបងកាលពីឆ្នាំ១៩៩៨ ប៉ុន្តែបែរជាអ្នកស្រី សុខ គីនណា ថាទោះបីជាកាត់ដីអស់ជាង ១ម៉ែត្រ ក៏ដីស្របតាមប្លង់ទៅវិញ ។ តើហេតុអ្វីការវាស់ដីធ្វើប្លង់ពីមន្ត្រីសុរិយោដីឆ្នាំ២០០៩ ខុសពីមន្ត្រីសុរិយោដីវាស់នៅឆ្នាំ២០២០នេះយ៉ាងដូច្នេះ ? គាត់ក៏បានសំណូមពរដល់មន្ត្រីជំនាញ វាស់វែងដីបុរីឲ្យបានល្អិតល្អន់ដូចដីគាត់ដែរ ។

ពាក់ព័ន្ធករណីនេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បន្ថែម ពីមន្រ្តីសុរិយោដីខេត្តបាត់ដំបងនៅឡើយទេ៕

To Top