ព័ត៌មានជាតិ

សម្តេចធិបតី ៖ សាសនា គឺជាមធ្យោបាយសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម

រូបភាព៖ ដើមអម្ពិល /ម៉ៅ ដារាត់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋត្រូវលើកស្ទួយសាសនា ព្រោះសាសនា គឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមនាសង្គម ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មា​នប្រសាសន៍ថា “តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសន្តិសុខ សុខសន្តិភាពពេញលេញ  ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវបានថែរក្សាការពារយ៉ាងគុតម៉ត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងនោះវិស័យធម្មការនិងសាសនា ក៏មានការវិវត្តគួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព” ។

ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា “ជាការចាំបាច់ដែលរដ្ឋត្រូវលើកស្ទួយសាសនា ព្រោះសាសនា គឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមនាសង្គម និងសុខសន្តិភាព” ។

ក្នុងនោះសម្តេចធិបតី ក៏បានរំលឹកអំពីប្រវត្តសាស្ត្ររបស់ខ្មែរ នាសម័យខ្មែរក្រហម ដែលបានលុបបំបាត់ចោល នូវសាសនាទាំងស្រុង ដែលបានធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះជាខ្លាំង ។

សម្តេចធិបតី មានប្រសាសន៍បន្តថា “សារសំខាន់នៃសាសនា នៅពេលដែលបាត់សាសនា ប្រវត្តសាស្ត្រខ្មែរយើង ពិសេសជាងគេ គឺមាន៣ឆ្នាំ ៨ខែ ២០ថ្ងៃ (រយៈពេលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជា) ដែលសាសនាត្រូវលុបបំបាត់ ។ នៅកម្ពុជា ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ គឺលុបសាសនាចោលតែម្តង អញ្ជឹងយើងឃើញថា នៅពេលដែលអត់សាសនា តើសកម្មភាពរបស់មនុស្សយ៉ាងមិច លែងគិតពីបុណ្យបាប លែងគិតពីព្រំដែនគុណធម៌ សីលធម៌ អ្នកមានគុណ ក៏លែងមានគុណ ឱ្យតែក្បត់អង្គការ គឺអាចប្រហារបាន ការយោគយល់សន្តោសប្រណីគ្មានទេ” ។

សូមឱ្យដឹងថា វិស័យសាសនានៅប្រទេសកម្ពុជាសព្វថ្ងៃ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ដែលកម្ពុជាទទួលបាននាបច្ចុប្បន្ននេះ ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយក្តីសុខក្សេមក្សាន្ត៕

To Top