ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ICAPP សង្កត់ធ្ងន់សារជាថ្មីពីការស្វែងរកឋានៈ ជាអ្នកសង្កេតការណ៍នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ ICAPP បានសង្កត់ធ្ងន់សារជាថ្មី ពីការស្វែងរកឋានៈជាអ្នកសង្កេតការណ៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិសំដៅរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពសកលនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថាមហាសន្និបាតបានបញ្ចប់ដោយការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកឥទ្ធិពលរបស់ICAPP តាមរយៈភាពជាដៃគូជាមួយអង្គការតំបន់ ដូចជាអាស៊ាន និងសមាគមកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង (SAARC) ក៏ដូចជាស្ថាប័នពិភពលោកដូចជា អង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ ជាដើម។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដែលកិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ប្រកបដោយកិត្តិយស ដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា ។ កម្ពុជាបានរួមចំណែកក្នុងការងារនានា របស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការ របស់ខ្លួន សំដៅឆ្ពោះ ទៅរកការកសាង ពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ កម្ពុជាបានចូលរួមចំណែក នៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម ។ កម្ពុជា ក៏បានជួយជំរុញ ឧត្តមគតិដ៏សំខាន់បំផុត របស់ ICAPP គឺការជួយជំរុញការ យោគយល់គ្នា ទៅវិញទៅមក រវាងគណបក្ស នយោបាយនានា ៕

To Top