ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពានរង្វាន់សតវត្សរ៍អាស៊ី ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប

ភ្នំពេញ៖ យោងទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន៥រូបរបស់ ICAPP។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថ្នាក់ដឹកនាំឆ្នើមទាំង៥រូបនោះរួមមាន៖ ទី១.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ,២. ឯកឧត្តម José de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ,៣.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ៤.ឯកឧត្តម Chung Eul-yong និងទី៥. ឯកឧត្តម Mushahid Hussain Sayed។

សេចក្ដីប្រកាសព័ត៌មានសង្កត់ធ្ងន់ថា «ពានរង្វាន់ដ៏មានកិត្យានុភាព គឺជាសក្ខីភាពមួយសម្រាប់ការទទួលស្គាល់ និងការគោរពចំពោះការចូលរួមចំណែកដ៏ធំធេង របស់ថ្នាក់ដឹកនាំឆ្នើមក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ក្នុងចំណោមសមាជិកជាគណបក្សនយោបាយ និងដៃគូរបស់ ICAPP មកពីជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន»។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP)លើកទី១២ លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដែលកិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ប្រកបដោយកិត្តិយស ដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា ។ កម្ពុជាបានរួមចំណែកក្នុងការងារនានា របស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការ របស់ខ្លួន សំដៅឆ្ពោះ ទៅរកការកសាង ពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ កម្ពុជាបានចូលរួមចំណែក នៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម ។ កម្ពុជា ក៏បានជួយជំរុញ ឧត្តមគតិដ៏សំខាន់បំផុត របស់ ICAPP គឺការជួយជំរុញការ យោគយល់គ្នា ទៅវិញទៅមក រវាងគណបក្ស នយោបាយនានា ៕

To Top