ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ២០នាក់ និងរបួស ៦៦នាក់ ក្នុងពេលវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើរដ្ឋធានីបេរូតប្រទេសលីប៊ី

Xinhua

បេរូត៖ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសលីបង់ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃសៅរ៍យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់ និងចំនួន ៦៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។

ក្រសួងសុខាភាពសាធារណៈបានឲ្យដឹងថា ការវាយឆ្មក់តាមផ្លូវអាកាសកាលពីពេលព្រឹកព្រលឹមបានកំណត់គោលដៅទៅលើអគារកម្ពស់៨ជាន់ក្នុងសង្កាត់ Basta Fawka ដោយបានបំផ្លាញអគារនោះ និងបំផ្លាញអគារដែលនៅក្បែរនោះ ដោយកត់សម្គាល់ថា ក្រុមការពារជនស៊ីវិលនៅតែកំពុងធ្វើការជីកកកាយ ដើម្បីយកកម្ទេចថ្មចេញដើម្បីស្វែងរកជនរងគ្រោះ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអ៊ែល បានរាយការណ៍មកថា ការវាយប្រហារតាមផ្លូវអាកាស គឺសំដៅទៅលើមន្ត្រីហេបូឡាហ៍ដ៏លេចធ្លោមួយរូប ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានដាក់ថា សមាជិកសភាក្រុមហេបូឡាហ៍ លោក Amin Sherri បានលើកឡើងថា “មិនមានឥស្សរជនគណបក្សណាមួយ ទាំងយោធា និងជនស៊ីវិល នៅក្នុងអគារគោលដៅក្នុងទីក្រុងបេរូតនោះទេ” ។

យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈដែលមានទំនាក់ទំនងជាមួយក្រសួងខាងលើបានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ គ្រូពេទ្យចំនួន ០២នាក់បានស្លាប់ និងចំនួន ០៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើភូមិ Ain Baal ស្រុក Tire ភាគខាងត្បូងប្រទេសលីបង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top