ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតសកល នៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចកាន់តែខ្លាំង ជាពិសេស ចិន អាមេរិកនិងរុស្ស៊ី ។
សូមរំលឹកថា លោក ដូ ណាល់ត្រាំ ដែលធ្លាប់បានប្រកាសដាក់ចេញជាផ្លូវការ នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ទៅ នឹងឥទ្ធិពលរបស់ចិន ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិកជាថ្មី ក្រោយផ្លួលលោកស្រី Kamala Harris ដែលជាដៃគូប្រកួតប្រជែកមកពីគណបក្ស ប្រជាធិបតេយ្យអាមេរិក។
ថ្លែងក្នុងពិពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងពេលដែលកម្ពុជា កំពុងរៀបចំវេទិការជជែកគ្នា អំពីសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដីនេះ ពិភពលោកកំពុងប្រឈម នឹងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោក ។
សម្ដេចបន្តថា សង្រ្គាមនិងជម្លោះ ដែលកំពុងកើតឡើង នៅតាមតំបន់មួយចំនួន តួយ៉ាងដូចសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបានបន្តអូសបន្លាយយ៉ាងរាំរ៉ៃគ្មាន នរណាអាកំណត់ពេលវេលា ដើម្បីបញ្ចប់សង្រ្គាម ។
សម្ដេចបន្ថែមថា ជម្លោះនៅមជ្ឈឹមបូព៌ា មានលក្ខណៈស្មុគស្មាញ ក្នុងរូបភាពជាសង្គ្រាមក្នុងតំបន់ និងអាចរីករាលដាលដល់សង្គ្រាមសាសនា ដែលធ្វើឱ្យមានការជាប់ជំពាក់ ជាមួយនឹងសង្គ្រាមកូនអុក របស់មហាអំណាច ។ សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន សង្គ្រាមបែបថ្មី នៅអាហ្វ្រិករវាងជនជាតិស្បែកស និងជនជាតិស្បែកខ្មៅ និងការគម្រាមកំហែង សង្គ្រាមនៅឧបទ្វីបកូរ៉េ បញ្ហានយោបាយ និងជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា ដែលមិនទាន់អាចរកច្រកចេញបាន ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «លទ្ធផលបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យមានការប្រកួតប្រជែង រវាងមហាអំណាចកាន់តែខ្លាំង ជាពិសេស សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី» ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បន្ថែមថា កត្តាសំខាន់ក្នុងការជំរុញកត្តាទាំងអស់នេះ ឱ្យផុតពីការរីករាលដាលនៃសង្គ្រាមដណ្ដើមភូមិសាស្រ្តនយោបាយ ទៅជាសង្គ្រាមប្រជែងអរិយធម៌ សង្គ្រាមដណ្ដើមឧត្ដមភាពនៃបច្ចេកវិទ្យា ៕