ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានគូសបញ្ជាក់ ពីការប្ដេជ្ញា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លេីវិស័យការពារជាតិ ឱ្យកាន់តែរឹងមាំ ជាមួយកម្ពុជា ។
ក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។
ក្នុងនោះលោករដ្ឋមន្ត្រីវៀតណាម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងទំនាក់ទំនងដ៏ល្អប្រសើរ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជា នាពេលកន្លងមក និងការសម្របសម្រួល ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជា មកកាន់មាតុប្រទេសវិញ និងត្រូវបានបញ្ចុះ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា ។
សម្តេច បវរ ធិបតី ថែមទាំង បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិ នៃប្រទសទាំងពីរ បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើម ឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត ៕