សៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើ សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។
មណ្ឌលសុខភាពដែលសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖
១) មណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់
២)មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់
៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់។
កំឡុងការចុះពិនិត្យនេះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលអធ្រាត្រនោះ។ មណ្ឌលសុខភាពទាំង៣ខាងលើមានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការមានឥរិយាបថ ហេដ្ឋារចនាសម្ព័ន្ធសមរម្យ និងការដឹកនាំការងារមណ្ឌលសុខភាព មានលក្ខណៈប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខ ភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថនិងការនិយាយស្តីប្រកបដោយ ការគួរសមថ្លៃថ្នូរបន្ថែមទៀត ដោយប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានសមស្របតាមការប្រើប្រាស់។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា និងឈរនៅលើគោលជំហរ ដោយទំនុកចិត្ត សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕