ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ព្រមានប្រឆាំងនឹង ការកើនឡើងនៃភាពតានតឹងក្នុងតំបន់ និងបញ្ជាក់ការគាំទ្រសម្រាប់រដ្ឋអារ៉ាប់

AFP

គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី និងកុមារ។

ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេហ្ស៊ីប ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងក្នុងតំបន់ ដើម្បីបញ្ចប់ការឈ្លានពាននោះ លោកបានលើកឡើងថា “ភាពក្រអឺតក្រទមនៃអំណាចនឹងមិននាំមកនូវស្ថិរភាព និងសន្តិសុខដល់អ៊ីស្រាអែល មុនពេលដែលប្រជាជនប៉ាឡេស្ទីន ទទួលបានមកវិញនូវសិទ្ធិស្របច្បាប់ និងពេញលេញរបស់ពួកគេ”។

លោកក៏បានកត់សម្គាល់ផងដែរ អំពីការធ្លាក់ចុះនៃប្រាក់ចំណូលពីព្រែកជីក Suez ដោយសារតែការកើនឡើងនៅក្នុងសមុទ្រក្រហម ដែលប៉ះពាល់ដល់ចរាចរណ៍ផ្លូវសមុទ្រពិភពលោក។

លោកបានបន្ដថា “ភាពតានតឹងនៅតំបន់ហ្គាហ្សា និងលីបង់បានរួមចំណែកដល់ ការធ្វើយោធានៅសមុទ្រក្រហម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចរបស់ ប្រទេសអេហ្ស៊ីបផងដែរ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top