ព័ត៌មានជាតិ

សម្ដេចបវរធិបតី ថ្លែងអំណរគុណ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ គាំទ្រកម្ពុជា លើការងារ បោសសម្អាតមីន

សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារ បោសសម្អាតមីន ។

ការថ្លែងអំណរគុណរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកស្រី ប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។

លោកស្រី ប្រធាន បានជម្រាប ជូនសម្ដេចបវរធិបតីថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍ បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួមក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេស ដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់ លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជា បានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជិត១៧០០គីឡូម៉ែត្រការ៉េ ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។ កម្ពុជាពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញ បោសសម្អាតមីនដល់បណ្ដាប្រទេសនានា នៅលើពិភពលោក៕

To Top