ព័ត៌មានអន្តរជាតិ

លោក Donald Trump ប្រកាសថា នឹងបង្កើនពន្ធលើទំនិញរបស់ប្រទេសចិន ម៉ិកស៊ិក និងកាណាដា

Xinhua

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធថ្មីលើផលិតផលទាំងអស់ ដែលនាំចូលមកសហរដ្ឋអាមេរិក ពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា នៅពេលលោកចូលកាន់តំណែង។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបង្ហោះនៅលើ Truth Social ថ្ងៃទី ២៥ ខែវិច្ឆិកាថា “នៅថ្ងៃទី២០ ខែមករា ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ ដើម្បីដាក់ពន្ធ ២៥ភាគរយ លើម៉ិកស៊ិក និងកាណាដា លើផលិតផលទាំងអស់ដែលពួកគេនាំ ចេញមកកាន់សហរដ្ឋអាមេរិក។ នេះគឺជាផ្នែកមួយនៃការបទបញ្ជាប្រតិបត្តិដំបូង” ។

លោក Trump បានបញ្ជាក់ថា ពន្ធគយខាងលើនឹងត្រូវរក្សារហូតដល់ម៉ិកស៊ិក និងកាណាដារឹតបន្តឹងការគ្រប់គ្រងគ្រឿងញៀន ជាពិសេសថ្នាំ fentanyl និងគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍ ខុសច្បាប់ឆ្លងកាត់ព្រំដែន។

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានប្រកាសពន្ធបន្ថែម ១០ភាគរយ លើទំនិញដែលនាំចូលពីប្រទេសចិន ដោយសារតែ “ថ្នាំមួយចំនួនធំ ជាពិសេសថ្នាំ fentanyl កំពុងត្រូវបានដឹកជញ្ជូនចូលសហរដ្ឋអាមេរិក”។ លោក Trump បានសង្កត់ធ្ងន់ថា រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ ពន្ធលើទំនិញចិននឹងមិនផ្លាស់ប្តូរនោះទេ។

លោក Trump បានសរសេរថា “ប្រទេសចិនបានប្រាប់ខ្ញុំថា ពួកគេនឹងដាក់ទោសប្រហារជីវិត លើអ្នកជួញដូរគ្រឿងញៀន។ តែជាអកុសល វាមិនបានកើតឡើងនោះទេ ហើយគ្រឿងញៀនកំពុងហូរចូលប្រទេសរបស់យើង ជាចម្បងតាមរយៈម៉ិកស៊ិក ក្នុងកម្រិតដែលយើងមិនធ្លាប់ឃើញពីមុនមក” ។

យ៉ាងណាក៏ដោយ ទាំងប្រទេសម៉ិកស៊ិក កាណាដា និង ប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយ ណាមួយនោះទេ។

ចាប់តាំងពីយុទ្ធនាការបោះឆ្នោតរបស់គាត់មក លោក Trump បានសន្យាថានឹងដាក់ពន្ធនាំចូលពី 10-20% លើទំនិញបរទេសទាំងអស់ រួមទាំងពន្ធដែលអាចមានរហូតដល់ 60% លើទំនិញចិន។ ប្រទេសកាណាដា ម៉ិកស៊ិក និងចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top