បេរូត៖ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាស ជាច្រើនលើកមកលើក្រុងបេរូត និងតំបន់ជាយក្រុងនៅភាគខាងត្បូង របស់ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីមុននេះ ដោយបានសម្លាប់មនុស្សអស់តិចបំផុតចំនួន ២៩នាក់ និងបង្កឲ្យរបួសចំនួន ៦៦នាក់ នៅក្នុងរដ្ឋធានីរបស់លីបង់ ។
ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ពីការវាយប្រហារ តាមអាកាសចំនួន ១២លើក ក្នុងរយៈពេលកន្លះម៉ោង ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានធ្វើ “ការវាយប្រហារផ្អែកលើការស៊ើបការណ៍ មកលើមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហេបូឡាហ៍ “នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត ដោយផ្តោតទៅលើតំបន់មួយចំនួន រួមមាន Haret Hreik, Burj Barajneh និង Hadath ។
ខ្សែវីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីពពកផ្សែងខ្មៅដ៏ធំ ដែលប៉ើងឡើងពីលើជាយ ក្រុងភាគខាងត្បូងនៃទីក្រុង បេរូត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងក្រោយ ពីអ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល Avichay Adraee បានព្រមានអ្នកស្រុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យជម្លៀស ចេញពីអគារជាច្រើននៅក្នុងតំបន់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា