ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់ ព្រោះអាណត្តិទី ៧នេះ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅពង្រឹង និងជំរុញការដោះស្រាយវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់ ។
នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រយៈពេល ១៥ខែនេះ បញ្ហាជម្លោះដីធ្លី នៅតាមបណ្ដាញសង្គមនានា បានថយចុះកម្រិតណា។
សម្តេចបវរធិបតី បន្ដថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឲ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ចំពោះបញ្ហាវិវាទដីធ្លី រឿងនេះ មិនមែនជារឿងដែរថ្មីទេ វាជារឿងកើតរាំរៃ តើយើងនៅរងចាំបញ្ហាបែបនេះ អង្គុយចាំបក់ផ្សែង ១០០ឆ្នាំឬទេ? នេះគឺជាការកំណត់ទិសដៅ មួយពីដើមទីឲ្យច្បាស់ តើយើងត្រូវធ្វើយ៉ាងម៉េច? ដើម្បីពន្លត់ភ្លើង កុំអង្គុយបកផ្សែង» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាល បានកំណត់បញ្ហាពីដើមទី នៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយ ក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដី មិនទាន់មានភាពច្បាស់លាស់ ៕