ព័ត៌មានជាតិ

សម្តេចធិបតី៖ វិវាទបុរី គឺជារឿងរសើបបំផុត ទាមទារត្រូវដោះស្រាយ ដោយភាពបត់បែន និងយោគយល់គ្នា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ទំនាស់ដីធ្លី គឺជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ដែលប្រវត្តិសាស្ត្រមិនដែលមាន ក្នុងទ្រង់ទ្រាយធំបែបនេះ ខណៈបញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត ទាមទារឱ្យដោះស្រាយ ដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់ ។

នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ប្រវត្តិសាស្ត្រប្រទេសយើងអត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ ពីឆ្នាំ៩៧ខ្ញុំចាំ ពេលដែលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីអាគ្នេយ៍ និងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសថៃ កម្ពុជាអត់មានបញ្ហាទេ ព្រោះកាលនោះ កាលទិញលក់អចលនទ្រព្យអត់មានច្រើនទេ មានប្រាកដណាស់ ពីដើមអាណត្តិ​ មានជនជាតិផ្សេងគេមកវិនិយោគទិញលក់អីទៅ ប៉ុន្តែខ្មែរយើងមិនទាន់មាន ហើយទិញពេលនោះ គឺអត់មានទិញខ្ជីធនាគារទេ ពេលនោះភាគច្រើនប្រើលុយសុទ្ធ ចឹងវិបត្តិអីវិបត្តិទៅអត់មានបញ្ហាប៉ុន្មានទេ ហើយយើងក៏មិនប៉ះពាល់ច្រើន ប៉ុន្តែលើកនេះ គឺមានទំហំធំ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានមើលឃើញថា ដោយសារបញ្ហាកូវីដ ដែលមិនអាចប៉ានស្មានជាមុនបាននេះហើយ ទើបធ្វើឱ្យស្ថានភាព វិស័យអចលនទ្រព្យ មានការធ្លាក់ចុះជាខ្លាំង នាំឱ្យម្ចាស់គម្រោងបុរីមួយចំនួន ដែលកំពុងចាប់យកឱកាសវិនិយោគលើវិស័យនេះ ជួបវិបត្តិ ។

សម្តេចធិបតី បានបញ្ជាក់ថា “បញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត បញ្ហាដែលត្រូវដោះដោយមានភាពបត់បែន បញ្ហាត្រូវដោះដោយភាពយោគយល់គ្នា និងភាពអំណត់ ។ ខ្ញុំចែកជាពីរ បុរីដែលធ្វើពិត មានចេតនាពិត គ្រាន់តែបញ្ហាប្រឈមការវាយតម្លៃខុស និងបុរីដែលមានចេតនាបោកប្រាស់ អានឹងគេហៅឆបោក ខ្លះអត់មានបុរីផង” ។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ដំបូងគេបំផុត ពេលដែលខ្ញុំទទួលតួនាទី អ្វីដែលជាការតាមដាន ដោយយកចិត្តទុកដាក់របស់ខ្ញុំជាងគេ រឿងអចលនទ្រព្យនេះឯង ។ ប្រសិនបើមានបញ្ហា ជាមួយវិស័យអចលនទ្រព្យ គឺវាជះឥទ្ធិពលទៅដល់វិស័យធនាគារ និងផ្សេងៗទាំងអស់ ។នេះហើយជាគោលដៅធំបំផុតរបស់យើងពីរ ទិសដៅ ពីរមុខព្រួញដែលត្រូវធ្វើ ទី១ដោះស្រាយបញ្ហា ចំពោះមុខ វិវាទ ទី២ត្រូវធ្វើមិច ធានាការរស់រានមានជីវិត មិន​ឱ្យស្លាប់នៃវិស័យអចលនទ្រព្យ នេះគឺជាគោលដៅដ៏ធំដែលត្រូវធ្វើ យើងដោះស្រាយបែបណា កុំឱ្យមានភាពច្របូកច្របល់” ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំធ្វើកិច្ចការងារដោះស្រាយនេះ ដោយភាពអត់ធ្មត់និងប្រសិទ្ធភាព ដោយសម្តេចយល់ឃើញថា បើពុំនោះទៀតសោត មិនដឹងថាត្រូវចាប់ខ្លួនមនុស្សប៉ុន្មាននាក់នោះទេ ចំពោះករណីអចលនទ្រព្យនេះ​។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ខាងបុរីមួយចំនួនសំណូម​ពរ ថាត្រូវអនុវត្តច្បាប់ទៅលើអ្នកនេះរឹងកំព្រឹស អតិថិជនមួយចំនួនទាមទារឱ្យអនុវត្តច្បាប់ចាប់ម្ចាស់បុរី ខាងធនាគារមួយចំនួន ថាត្រូវតែអនុវត្តឱ្យរឹងកំព្រឹស អ្នកអត់បង់ត្រូវចាប់ត្រូវអី ខ្ញុំថាហើយ បើរវល់តែចាប់គ្រប់គ្នារលាយហើយ វាបង្កើតនូវភាពកាន់តែរំជើបរំជួល ៩៩គម្រោង បើសិនជាមានបញ្ហា ៩៩គម្រោងមានបញ្ហាទាំង៩៩​ហើយយើងចាប់ តើនរណាជាអ្នកដោះ? នេះហើយដែលយើងត្រូវគិតគូ”៕

To Top