បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូលផ្សេងទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត កាលពីសប្តាហ៍មុនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ដើម្បីចេញដីកាចាប់ខ្លួនលោក Netanyahu និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant រួមទាំងមេដឹកនាំក្រុមហាម៉ាស់ Mohammed Deif ។
ថ្លែងទៅកាន់កងកម្លាំងប៉ារ៉ាយោធា Basij ដែលជាផ្នែកមួយនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម នៅថ្ងៃចន្ទក្នុងទីក្រុង Tehran លោក Khamenei បានអះអាងថា ដីកាចាប់ខ្លួនគឺមិនគ្រប់គ្រាន់សម្រាប់ “ឧក្រិដ្ឋកម្មសង្រ្គាម” ដែល “របប Zionist” បានប្រព្រឹត្តនៅក្នុងតំបន់ Gaza និង ក្នុងប្ទេស លីបង់ នោះទេ។
លោក Khamenei បាននិយាយ និងត្រូវបានទីភ្នាក់ងារសារព័ត៌មាន Tasnim ដកស្រង់សម្តីថា «គេចេញដីកាចាប់ខ្លួន វាមិនគ្រប់គ្រាន់ទេ។ ការកាត់ទោសប្រហារជីវិតរបស់លោក Netanyahu ត្រូវតែចេញ។ ការកាត់ទោសប្រហារជីវិតត្រូវតែចេញសម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ” ។
នៅក្នុងសេចក្តីសម្រេចរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ចៅក្រម ICC បាននិយាយថា មានហេតុផលសមហេតុផលក្នុងការជឿថា Netanyahu និង លោក Gallant ទទួលខុសត្រូវព្រហ្មទណ្ឌចំពោះអំពើដែលរួមមានឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងភាពអត់ឃ្លានដែលត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម “ប្រឆាំងនឹងប្រជាជនស៊ីវិលនៅហ្គាហ្សា”៕
ប្រែសម្រួលៈ ណៃ តុលា