ភ្នំពេញ៖ ក្នុងឱកាសទទួលជួប លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោក Park Jung-Wook បានជម្រាប រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងកូរ៉េ និងកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ។
លោកឧបនាយករដ្ឋមន្រ្តី បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ តាមរយៈលោក Park Jung-Wook បន្តជួយ ឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃកម្ពុជា។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនាក់ទំនងការទូត ក្នុងរយៈពេលដ៏យូរអង្វែង ជាងបីទសវត្សរ៍ ដោយបាននាំមកនូវសមិទ្ធផលជាច្រើន បម្រើដល់ការអភិវឌ្ឍរីកចម្រើន នៃប្រទេសទាំងពីរ។
លោក Park Jung-Wook ក៏បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្រ្តី លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។
លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់លោកទូត មកកម្ពុជានៅពេលនេះ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕