ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្តរមានជ័យ ដាក់ចេញវិធានការណ៍៣ ចំណុច ដើម្បីរៀបចំកម្មវិធីបោះជំរំ យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា កាកបាទក្រហមកម្ពុជានឹងរៀបចំកម្មវិធីបោះជំរំ យុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ រយៈពេល ០៥ថ្ងៃ ចាប់ពី ថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យដំណើរការរៀបចំកម្មវិធីបោះជំរំយុវជន កាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅជុំវិញទីតាំងបោះជំរំ និងទីកន្លែងទស្សនកិច្ច សិក្សារបស់ប្រតិភូជាតិ និងអន្តរជាតិ នៅតាមបណ្តាក្រុង ស្រុកមួយចំនួន រដ្ឋបាលខេត្តឧត្តរមានជ័យ សូមជូនដំណឹង ដល់សាធារណជន រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមអនុវត្ត ការងារដូចខាងក្រោមៈ

១/ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាបណ្តោយផ្លូវជាតិ និងផ្លូវ ក្នុងក្រុង ស្រុក ធ្វើការសម្អាតអនាម័យ បរិស្ថាន និងលើកទង់ជាតិតាមខ្នងផ្ទះ ដើម្បីអប់អរសាទរក្បួន ដំណើររបស់ប្រតិភូ

២/ គ្រប់មន្ទីរ អង្គភាព សាលាក្រុង ស្រុក គ្រឹះស្ថានរដ្ឋបាលសាធារណៈ និងឯកជននានា ត្រូវសម្អាត អនាម័យ បរិស្ថាន នៅមុខបរិវេណមន្ទីរ អង្គភាព គ្រឹះស្ថានរបស់ខ្លួន និងតុបតែងលម្អ ទង់ជាតិ ទង់ជ្វាលា

៣/ រដ្ឋបាលក្រុងសំរោង និងស្រុកចុងកាល់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យមានការប្រើប្រាស់ និង បង្ហោះដ្រូន នៅទូទាំងក្រុងសំរោង បរិវេណទីតាំងបោះជំរំ តាមតម្រាយផ្លូវជាតិលេខ៦៨ ចាប់ពី ក្រុងសំរោង ឆ្ពោះទៅស្រុកចុងកាល់ និងទីតាំងចែកអំណោយ នៅឃុំចុងកាល់។

ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសារធារណជន រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពនានាជំវិញខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមអនុវត្តដោយស្មារតី យោគយល់ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់៕

To Top