សៀមរាប ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិSanyប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខា លើអនុស្សារណៈស្តីពី «កិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងបោសសម្អាតមីន នៅកម្ពុជាផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិSanyប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។
ក្នុងឱកាសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី Song Ximei នាយកប្រតិបត្តិមូលនិធិSanyប្រទេសចិនបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក មូលនិធិSanyប្រទេសចិន និង មូលនិធិBeijing Peacelandប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាដើម្បីបោសសម្អាតមីន ហើយចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា (CMAC) មូលនិធិទាំង២បានចូលរួម នៅក្នុងការផ្តល់សម្ភារៈ និងអាហារដល់កងកម្លាំង របស់CMACដែលបាន និងកំពុងបំពេញ ការងារនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកស្រីបានគូសរំលេច ពីការត្រៀមខ្លួនរួចជា ស្រេចរបស់មូលនិធិចិនទាំង២ក្នុងកិច្ចសហការជាមួយ CMACលើការរួមចំណែកសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរដល់មូលនិធិSanyប្រទេសចិន និងមូលនិធិBeijing Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយCMACដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការកំចាត់គ្រាប់មីនអស់ពីទឹកដីកម្ពុជា។
តាមរយៈអនុស្សារណៈ ដោយរំលេច ពីការទទួលអំណោយ Excavatorចំនួន១គ្រឿង CMACនឹងសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធក្នុង ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ខ្ពស់ជួយផ្តល់ ផលប្រយោជន៍ ដល់ប្រជាជនក្រោយពីទទួលបានដីពីការបោសសម្អាតមីន។ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានសាទរនឹងសមិទ្ធផលថ្មី បន្ថែមទៀត របស់មូលនិធិទាំង២ របស់ប្រទេសចិន ដែលតែងបានសហការជាមួយ CMACក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កាដែលបានកើតចេញពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃ គូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០៕