ព័ត៌មានជាតិ

ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅបរិវេណសួនច្បារ មុខព្រះបរមរាជវាំង

រូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង គឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះ​ នឹងត្រូវធ្វើឡើង នាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧វិច្ឆិកា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារ ជាមួយលោក សំហេង បុរស តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍នេះ ទៅដោយរលូនសប្បាយរីករាយ និងជោគជ័យ ។

«សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរ ដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ និងការលើកតម្កើងមោទនភាព ក្នុងភាពជាប្រជាជាតិតែមួយ ។

ក្នុងឱកាសនោះលោក សំហេង បុរស បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នា ប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរ បុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹម ពីប្រជាពលរដ្ឋកម្ពុជា។

លោក សំហេង បុរស បន្តថាក្នុងឱកាសនោះក៏បានសម្តែង នូវការអរគុណ ចំពោះ ការគាំទ្រនិងការសម្របសម្រួល សហការគ្រប់បែបយ៉ាង ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ។

ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួល នចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរ និងការបង្ហោះដ្រូនជាដើម។

ជុំវិញការស្នើសុំទាំង២៣ចំណុចនេះ លោក ឃួង ស្រេង ស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា អនុវត្តព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ ជាមួយនិងការគិតគូរពីការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរទៀតផង ។

ចំពោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា»នេះនឹងរៀបចំឡើងដោយមាន ជាក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០យក្ស។ ការដង្ហែទង់ជាតិ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ។ មានសុន្ទរកថា របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ។ ការសម្តែងរបាំជូនពរ។ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»។ការសម្តែងសិល្បៈទស្សនីយភាពចម្រុះនិងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយទស្សនីយភាពកាំជ្រួច៕

To Top