ព័ត៌មានជាតិ

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស បានប្រារព្ធពិធីថ្វាយព្រះមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តីទី១, អតីតព្រះប្រធានរដ្ឋសភាជាតិ, អតីតព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសខួបគម្រប់ ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត ដែលបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនេះ មានការយាងពី សម្តេចព្រះអភិសិរីសុគន្ធាព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ​ គណៈធម្មយុត្តិកនិកាយ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ និងព្រះមន្ត្រីសង្ឃ យាង និងនិមន្តចម្រើនព្រះបរិត្ត បង្សុកូល ដើម្បីឧទ្ទិសថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណកន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមបានយាងទៅកាន់ទីឋានបរមសុខគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top