ម៉ិកស៊ិក ៖ សហភាពនិយោជកនៃសាធារណរដ្ឋម៉ិកស៊ិក (Coparmex) បានព្រមានថា សំណើរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបិទពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា អាចគំរាមកំហែងទីផ្សារការងារ ក្នុងតំបន់ និងបង្កើតភាពមិនច្បាស់លាស់ ខាងសេដ្ឋកិច្ច។
Coparmex បានឲ្យដឹងថា ការគំរាមកំហែងពន្ធគយ ម្តងហើយម្តងទៀតរបស់ Trump នឹងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់និងបង្ក “ការប្រឈមដោយផ្ទាល់ ចំពោះស្មារតីនៃកិច្ច សហប្រតិបត្តិការ និងការយល់ដឹង” នៃកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក – ម៉ិកស៊ិក – កាណាដា (USMCA) ។
Coparmex បានឲ្យដឹងថា ការគំរាមកំហែងពន្ធ “បង្កើតភាពមិនច្បាស់លាស់នៅក្នុងវិស័យយុទ្ធសាស្ត្រ និងធ្វើឱ្យមានហានិភ័យដល់ការងាររាប់លាន” ដែលពឹងផ្អែកលើពាណិជ្ជកម្មរវាងប្រទេសទាំងបី។
ប្រភពបានឲ្យដឹងថា ជម្លោះពាណិជ្ជកម្មរវាងម៉ិកស៊ិក និង សហរដ្ឋអាមេរិក នឹងមាន “ឥទ្ធិពលបំផ្លិចបំផ្លាញ” លើសេដ្ឋកិច្ចទាំងពីរ ជាពិសេសឧស្សាហកម្ម ដែលពឹងផ្អែកលើធាតុចូល របស់សហរដ្ឋអាមេរិកដូចជា វិស័យរថយន្ត និងផលិតកម្ម ហើយវិធានការសងសឹកអាចប៉ះពាល់ ដល់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ។
Coparmex បានឲ្យដឹងទៀតថា “USMCA មិនគួរត្រូវបានគេមើលឃើញថា ជាឧបករណ៍សម្រាប់សម្ពាធនយោបាយនោះទេ ប៉ុន្តែជាកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ ដែលធានានូវការប្រកួតប្រជែងក្នុងតំបន់”៕
ប្រែសម្រួល ឈូក បូរ៉ា