ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ផ្ញើសារលិខិត អបអរសាទរ ការបើកមហាសន្និបាត រំលឹកខួប “ទិវាអន្តរជាតិ ដើម្បីគាំទ្រ ប្រជាជនប៉ាឡេស្ទីន” របស់អង្គការសហប្រជាជាតិ

នៅថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសហប្រជាជាតិ បានបើកធ្វើមហាសន្និបាតរំលឹកខួប” ទិវាអន្តរជាតិដើម្បីគាំទ្រ ប្រជាជនប៉ាឡេស្ទីន” លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ជូនចំពោះមហាសន្និបាតលើកនេះ ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា វាពាក់ព័ន្ធដល់សច្ចភាពនិងយុត្តិធម៌អន្តរជាតិ ។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ អនុវត្តដោយគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗ និងបន្ធូរបន្ថយស្ថាន ការណ៍ក្នុងតំបន់ ។ ច្រកចេញជាគន្លឹះ គឺ ការអនុវត្តជាក់ស្តែងនូវ “ដំណោះស្រាយរដ្ឋពីរ” និងជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីន តាមវិធីនយោបាយ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន ដ៏ឯករាជ្យដែលមានអធិបតេយ្យភាព ពេញលេញដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ ១៩៦៧ ជាមូលដ្ឋាននិងក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានី ក៏ដូចជាសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិតនិងសិទ្ធិវិលត្រឡប់មកវិញ របស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិន តែងតែផ្តល់ការគាំទ្រ យ៉ាងមុតមាំចំពោះបុព្វហេតុដ៏ត្រឹមត្រូវ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការស្តារសិទ្ធិស្របច្បាប់ នៃប្រជាជាតិ គាំទ្រកងកម្លាំង និងអង្គការនានា របស់ប៉ាឡេស្ទីនក្នុងការពង្រឹងសាមគ្គីភាព និងអនុវត្ត«សេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នា នៃប្រជាជាតិប៉ាឡេស្ទីន»ដើម្បីសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង ។ ប្រទេសចិនគាំទ្រ យ៉ាងមុតមាំចំពោះប៉ាឡេស្ទីន ឱ្យក្លាយជារដ្ឋសមាជិកជាផ្លូវការ នៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបើកធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាពនិងកាន់តែមាន ប្រសិទ្ធភាព ។ ប្រទេសចិន នឹង បន្តរួមសហការជាមួយសហគមន៍ អន្តរជាតិដើម្បីជំរុញបញ្ហាប៉ាឡេស្ទីន ឱ្យវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវ នៃការអនុវត្ត”ដំណោះស្រាយរដ្ឋពីរ” ក៏ដូចជាជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ ដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង ក្នុងពេលឆាប់ៗ ៕

To Top