ព័ត៌មានជាតិ

ប.ស.ស. នៃក្រសួងការងារ ទទួលពានរង្វាន់អង្គភាព​ ឆ្នើមផ្នែកគ្របដណ្តប់ការ ធានារ៉ាប់រង ពីសមាគមសន្តិសុខ សង្គមអាស៊ាន (ASSA)

ហ្វីលីពីន ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលពានរង្វាន់ឆ្នើម ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន ក្នុងឱកាសដែល លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំនេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ពានរង្វាន់ដែលត្រូវបានប្រគល់ដោយលោក Ahmad Zulqarnain Onn ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខ សង្គមអាស៊ានលើកទី៤០ និង ជានាយកប្រតិបត្តិមូលនិធិសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ជូនបេឡាជាតិសន្តិសុខសង្គម នៃប្រទេសកម្ពុជានេះ គឺជាពានរង្វាន់អង្គភាព ឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពីការពង្រីក វិសាលភាព របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិត នៅក្នុងវិស័យសាធារណៈ ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការទទួលពានរង្វាន់អង្គភាព ឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានទទួលនាពេលនេះបង្ហាញ នូវសមិទ្ធផល នៃវិស័យសន្តិសុខសង្គមកម្ពុជា ទាំងមូលដែលមានវឌ្ឍនភាពឥតឈប់ឈរ ក្នុងការពង្រីកវិសាលភាព គ្របដណ្តប់កាន់តែទូលំទូលាយ។

គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើម ស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៨ រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពី ការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៩ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។

សូមបញ្ជាក់ថា កិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។ ហើយសម្រាប់ ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤១ ឆ្នាំ២០២៤-២០២៥ គឺអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ជាប្រធានផ្លាស់វេន បន្ទាប់ពីមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី។

រហូតមកទល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបជាង ២,៧លាននាក់ ក្នុងនោះបុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ម៉ឺននាក់ បុគ្គលក្រោម បទប្បញ្ញត្តិច្បាប់ស្តីពីការងារ មានចំនួនជាង ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ១៤ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី)មានចំនួន ៣៦ ៦១២នាក់ និងកូនមានចំនួន ១០២ ៧៨៨នាក់ ៕

To Top