ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះ បានកត់សម្គាល់ឃេីញថា ប្រជាពលរដ្ឋមិនបានលើកឡើង ពាក់ព័ន្ធសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ចោលប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព របស់កងកម្លាំងនិងអាជ្ញាធរ អនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ពលរដ្ឋ ។
វេទិកាខាងលេីនេះ ធ្វេីឡេីងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តអរុណវត្តិ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។
ក្នុងនោះមានប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យចំនួន១៣នាក់ បានលើកឡើងជាសំណើរនិងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋ បានលើកឡើង ជាសំណើរនិងសំណូមពរ ស្មើនឹង១៦បញ្ហា ខណៈសំណើនិងសំណូមពរផ្ទាល់មាត់ របស់ប្រជាពលរដ្ឋ បានចាត់អោយអាជ្ញាធរ និងមន្ទីរជំនាញ ដោះស្រាយជូនភ្លាមៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើង ជាលាយលក្ខណ៍អក្សរ ចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយនៅពេលក្រោយ។
លោក អភិបាលរងរាជធានី បានកត់សម្គាល់ថា “អ្វីដែលជាការកត់សំគាល់ វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធ សន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព កងកម្លាំងនិងអាជ្ញាធររបស់យើង អនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ”។
លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា វេទិកានេះ បានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប៕